ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧
Article ads (bottom)

ចាប់ពីថ្ងៃនេះ ដល់ទី១៥ ខែតុលា តទៅពលរដ្ឋទៅទស្សនាឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»និងរមនីយដ្ឋានបូកគោដោយសេរី

  • ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនសាធារណៈជននៅទូទាំងប្រទេសកម្ពុជាថាចាប់ពីម៉ោង ០០:០០ នាទី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងមុននេះតទៅក្រុមហ៊ុនសុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោទៀតហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះតាមរយៈបណ្តាញសង្គមផេកហ្វេសប៊ុកផ្លូវការថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។
«បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន»។
សូមរំឮកថា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាយ៉ាងដាច់ខាតដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពតទៅដកហូតចេញនូវស្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»។

សម្តេចតេជោបានចាត់ទុកការប្តូរឈ្មោះរបសើក្រុមហ៊ុមឯកជនមួយនេះថា ជាអំពើល្មើសច្បាប់ និងមិនគោរពច្បាប់ហើយអាជ្ញាធរក៏មិនបានដឹងទៀត។ សម្តេចតេជោបញ្ជាក់ថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត»។
កាលនោះបទបញ្ជារបស់សម្តេចតេជោបានធ្វើឲ្យលោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងមន្រ្តីពាក់ព័ន្ធ ប្រញាប់ប្រញាល់ឈូសទម្លាក់ឈ្មោះ «រមណីយដ្ឋាន សុខាឋានសួគ៌»ចោលភ្លាមៗ ដោយដាក់មកវិញនូវឈ្មោះក្នុងប្រវត្តិសាស្ត្រវិញថា «រមណីយដ្ឋាន ឋានសួគ៌បូកគោ»។
ពាក់ព័ន្ធបញ្ហានេះអ្នកនាំពាក្យសាលាខេត្តកំពតលោក ស៊ីម វុឌ្ឍា បានសរសេរក្នុងបណ្តាញសង្គមតេឡេក្រាមថា «ត្រូវហើយបូកគោជាប្រវត្តិសាស្រ្ត (ក្រុង ឬបុរីបូកគោ) ជានិម្មិតរូបខេត្តកំពត ជាតំបន់ដែលកំណត់ដោយព្រះរាជក្រឹត្យ (ឧទ្យានជាតិព្រះមុនីវង្សបូកគោ)។ ខេត្ត និងជំនាញកំពុងពិនិត្យលើ (ក្របខណ្ឌច្បាប់ និងសង្គម)  សូមបងប្អូនទុកចិត្តចំពោះអាជ្ញាធរក្នុងការពិនិត្យ និងដោះស្រាយបញ្ហាទាំងនេះផងចុះ»។
ឯក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ប្រាប់សាធារណៈជនថា «ឈ្មោះប្រវត្តិសាស្រ្តនៃរមណីយដ្ឋាន ឋានសួគ៌បូកគោ មិនត្រូវបានផ្លាស់ប្តូរឡើយ»។

អភិបាលរងខេត្តកំពតម្នាក់បានថ្លែងប្រាប់យ៉ាងខ្លីថា លោក សុខ គង់ កន្លងមកបានចាត់ទុកអាជ្ញាធរខេត្តកំពត ដូចសំរាម ហើយគេក៏មិនធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកំពតនេះទេ សូម្បីថ្នាក់ដឹកនាំខេត្តកំពតចង់ឡើងទៅលើរមណីយដ្ឋាន ឋានសួគ៌ភ្នំបូកគោ ក៏ត្រូវបង់លុយឲ្យទៅលោក សុខ គង់ ដូចអ្នកទេសចរណ៍ដ៏ទៃទៀតដែរ ទោះការឡើងទៅនោះជាលក្ខណៈរដ្ឋបាលក៏ដោយ។
រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាការផ្លាស់ប្តូរឈ្មោះនេះ  ដោយមិនសហការជាមួយរដ្ឋបាលខេត្តកំពតឡើយ។ «ចំពោះការផ្លាស់ប្ដូរឈ្មោះតំបន់រមណីដ្ឋានឋានសួគ៌បូគោ ដោយក្រុមហ៊ុន សុខាអូតែល ជាឯកតោភាគីនេះ រដ្ឋបានខេត្តកំពត សូមមិនធ្វើការគាំទ្រជាដាច់ខាត ព្រោះជាតំបន់ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដូចមានចែងក្នុងសេចក្តីបំភ្លឺរបស់ក្រសួងបរិស្ថានលេខ ៩៣៥ សជណ ប.ស្ថ ចុះថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៧»។
មតិមហាជនលើកឡើងថា «អាជ្ញាធរខេត្តកំពត មិនត្រូវឲ្យលោក សុខ គង់ ដែលគ្រាន់ជាបុគ្គលឯកជនម្នាក់ ឬជាប្រធានក្រុមហ៊ុន ឯកជនម្នាក់ មកគ្រប់គ្រង ឬបញ្ជាលើខ្លួននោះទេ ព្រោះអំណាចរដ្ឋ មិនអនុញ្ញាតឲ្យឯកជនបំពានបានឡើង។ ដូច្នេះ បើ សុខ គង់ ហ៊ានបំពានលើអំណាចរដ្ឋនោះស្មើនឹង លោក សុខ គង់ មិនទុកច្បាប់ប្រទេសជាតិក្នុងចិត្ត បើដូច្នេះមែន តើគួរមានវិធានការច្បាប់លើលោក សុខ គង់ ដែរឬទេ?»។

យ៉ាងណាបញ្ហាធ្វើឲ្យមហាជនចលាចល ព្រោះតែក្រុមហ៊ុនឯកជនមួយនេះ ខាងរដ្ឋបាលខេត្តកំពតកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការដឹកនាំចុះរើជាបន្ទាន់ លើការផ្លាស់ប្ដូរឈ្មោះរមណីដ្ឋានប្រវត្តិសាស្រ្ត ដោយក្រុមហ៊ុន សុខាអូតែល បានបញ្ចប់សព្វគ្រប់វេលាម៉ោង១០នឹង៣០នាទី។ ការរុះរើបន្ទាន់នេះ ក្រោយពីទទួលបញ្ជារពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៣ លោក ចាន់ ចេស្ដារ អភិបាលនៃគណៈអភិបាលខេត្តកំពត និងស្នងការនគរបាលខេត្ត និងកម្លាំងចម្រុះ បានរុះរើសភ្លាមៗតាមបញ្ជាដាច់ខាតរបស់សម្ដេចតេជោ។
ការផ្លាស់ប្តូរឈ្មោះភ្នំប្រវត្តិសាស្រ្តបូកគោមួយនេះ សម្តេចតេជោ ហ៊ុន សែន មិនបានបន្ទោសរដ្ឋបាលខេត្តកំពតឡើយ ផ្ទុយទៅវិញសម្តេចបានអគុណរដ្ឋបាលខេត្តកំពត បើមិនដូច្នេះទេ សម្តេចមិនបានដឹងនិងអន្តរាគមន៍ទាន់ពេលវេលានោះដែរ។ «សូមមេត្តាកុំយល់ច្រឡំលើអភិបាលខេត្ត(កំពត) ដោយសារការខិតខំរបស់គាត់(លោក ចាន់ ចេស្តា) ទើបរកឃើញភាពមិនត្រឹមត្រូវនេះ ហើយតាមរយៈនេះ ទើបខ្ញុំចេញបញ្ជាបានទាន់ពេល»។
តែបើយោងតាមលិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយអនុរដ្ឋលេខាធិការ លោក សុខ សុភ័ក្រ្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ថា តាមពាក្យសុំផ្លាស់ប្តូរនាមករណ៍ក្រុមហ៊ុនរបស់លោក សុខ គង់ ពីនាមករណ៍ចាស់ សាខាក្រុមហ៊ុន សុខាអូតែល «ឋានសួគ៌បូកគោ» មកនាមករណ៍ថ្មី សាខាក្រុមហ៊ុន សុខាអូតែល «សុខាឋានសួគ៌»ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនលោក សុខ គង់ បានចេញសេចក្តីជូនដំណឹងមួយផ្សព្វផ្សាយជាសាធារណៈថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ នឹងប្តូរឈ្មោះពី «រមណីដ្ឋាន ឋានសួគ៌បូកគោ» មកជា «រមណីដ្ឋាន សុខាឋានសួគ៌» គឺផ្ទុយនឹងលិខិតលេខ៥៨៦ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្ម។
បន្ទាប់ពីមានបទបញ្ជាឲ្យរុះស្លាកសញ្ញា និងឈ្មោះខុសច្បាប់ នៃ «រមណីដ្ឋាន សុខាឋានសួគ៌» ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្តីជូនដំណឹងបញ្ជាក់បន្ថែមថា ករណីក្រុមហ៊ុនអូតែលសុខា ដែលបានស្នើសុំបើកសាខាក្រុមហ៊ុន និងប្តូរនាមករណ៍ សាខាក្រុមហ៊ុន សុខាអូតែល «ឋានសួគ៌បូកគោ» ទៅជា សាខាក្រុមហ៊ុន សុខាអូតែល «សុខាឋានសួគ៌» គឺក្នុងគោលបំណងបញ្ជាក់ថា សាខាក្រុមហ៊ុន សុខាអូតែល មានសាខាធ្វើអាជីវកម្មនៅតាមខេត្ត។ ចំពោះការលើកស្លាក គឺត្រូវលើកនៅលើអាគារជាទីស្នាក់ការសាខាក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកកម្មបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា «កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ គឺ ជាការអនុញ្ញាតឲ្យប្តូរនាមករណ័(ឈ្មោះ) របស់សាខាក្រុមហ៊ុន សុខាអូតែលតែប៉ុណ្ណោះ មិនមែនប្តូរឈ្មោះរមណីដ្ឋានបូកគោទេ។ ក្រសួងពាណិជ្ជកម្មពុំមានសិទ្ធិឲ្យក្រុមហ៊ុន សុខាអូតែល ប្រូរឈ្មោះរមណីដ្ឋានប្រវត្តិសាស្រ្តដែលបានកំណត់ដោយព្រះរាជក្រិត្យនោះឡើយ៕

PA News