ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

អាជ្ញាធរ​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ពាយព្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះទឹកជំនន់

  • ថ្ងៃព្រហស្បត៌ ទី៥ ខែតុលា ឆ្នាំ២០១៧

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅថ្ងៃនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភាគ​ពាយព្យនៃ​ប្រទេស​កម្ពុជា ពិសេស​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ហក់​ឡើង​នៃ​ជំនន់​ទឹកភ្លៀង។ ការប្រកាស​យ៉ាង​ដូច្នេះ​ធ្វើឡើង ក្រោយ​ជំនន់​ទឹកភ្លៀង កាលពី​យប់​ថ្ងៃទី២ ឈានចូល​ថ្ងៃទី ៣ ខែតុលា ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ១៣៨២ ខ្នង នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​បង្ក​ឲ្យ​ខូចខាត​ដំណាំ​មួយចំនួន​ផង។

បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ភ្លៀង​ធ្លាក់ជាប់ៗគ្នា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​ប៉ះពាល់​ខេត្ត​ជាច្រើន។ ក៏​បុ​ន្តែ​នៅក្នុង​នោះ​មាន ឃុំ​ចំនួន ៥ស្ថិតក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ រហូតដល់​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​មួយចំនួន​ចេញពី​លំនៅដ្ឋាន និង​សត្វ​ចិញ្ចឹម​មួយចំនួន ដើម្បី​ទៅ​ទីទួល​សុវត្ថិភាព ពី​សំណាក់​អាជ្ញាធរ​ផង។ នេះ​បើតាម លោក កែវ វី ប្រធាន​ក្រុម​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

យ៉ាងណាក៏ដោយ លោក កែវ វី បន្តថា រហូតមកទល់​ពេលនេះ ទឹកជំនន់​បានចាប់ផ្តើម​ស្រក​ជាបណ្តើរៗហើយ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​របស់​ខ្លួនៗ​ជា​បន្តបន្ទាប់​ដែរ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាត់​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព នៅពេល​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យ​ដឹងថា​ទៀតថា ជំនន់​ទឹកភ្លៀង​នឹង​នៅតែ​បន្ត​កើត​ឡើ​ជាថ្មី​ម្តងទៀត ពិសេស​នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដោយសារតែ​ប្រទេស​កម្ពុជា កំពុង​រង​ប្រព័ន្ធ​សម្ពាធ​ទាប។ បើតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​យប់​ថ្ងៃទី ៦ ខែតុលា នឹងមាន​សម្ពាធ​ថ្មី​មួយ ធ្វើដំណើរ​មកកាន់​ប្រទេស​វៀតណាម​ភាគ​កណ្តាល រួច​បន្ត​រំកិល​ខ្លួន​មក​ស្ថិតនៅលើ​ប្រទេស​កម្ពុជា។ ចំណែក​នៅ​ថ្ងៃទី ៩ ខែតុលា នឹងមាន​សម្ពាធ​ទាប​សកម្ម​មួយ​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ដដែល ចាប់ពី​ថ្ងៃទី៧តុលា​តទៅ៕

PA News