ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧
Article ads (bottom)

ភ្លក្សអាហារ និងមើលរបាំជនជាតិភាគតិចនៅមណ្ឌលគីរី

  • ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧

(មណ្ឌលគីរី)៖ ផ្ទះក៏តូចច្រឡឹង របស់កូនកំលោះកូនក្រមុំគ្រឹង និងផ្ទះពូនង ដែលសង់ប្រដេញគ្នាក្បែរជម្រាលភ្នំអមដោយសួនស្មៅ សួនដំណាំ ជ្កាចម្រុះពណ៌ និងរុក្ខជាតិតូចធំត្រូវបានប្រែក្លាយជាបន្ទប់ស្នាក់ស្វាគមន៍ភ្ញៀវទេសចរដែលប្រាថ្នាបទពិសោធរស់នៅតាមបែបជនជាតិភាគតិច នៅក្រុងសែនមនោរម្យ។ ភ្ញៀវមកកាន់ផ្ទះសំណាក់ជនជាតិដើមភាគតិចមិនត្រឹមតែអាចស្នាក់អាស្រ័យក្នុងបន្ទប់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចភ្លក្សរសជាតិអាហារ និងការកម្សាន្តបែបជនជាតិដើមភាគតិចផងដែរ។ ផ្ទះស្នាក់ ១៧ ប្រភេទមានដូចជាផ្ទះគ្រឹងរបស់ជនជាតិភាគតិចរតនគិរី ផ្ទះទំពូន និងផ្ទះពូនង (ផ្ទះប្រពៃណីម៉ូដអណ្តើក) តម្លៃចាប់ពី ៧ ដុល្លារ (បន្ទប់ទឹកនៅក្រៅ) រហូតដល់តម្លៃ ២៥ ដុល្លារ​ (អាចគេងបានគ្នា៤នាក់)។ អ្វីដែលគួរអោយកត់សម្គាល់នោះ គឺបន្ទប់ទឹកមានទឹកក្តៅ និងត្រជាក់ ហើយមានទំហំធំស្ទើរតែប៉ុនផ្ទះទៅហើយ។ ជាមួយនឹងសម្រស់ធម្មជាតិបៃតងខ្ចីនារដូវវស្សាដែលដុះស្រោបជុំវិញផ្ទះស្នាក់បែបជនជាតិដើមភ្ញៀវតែងតែលាន់មាត់កោតសរសើរពីការរៀបចំ និងរចនាផ្ទះស្នាក់អមដោយបរិស្ថានដ៏ស្រស់បំព្រងលើសពីតថភាពផ្ទះសំណាក់។ ជាភ្ញៀវម្នាក់មកស្នាក់លេងនៅ "ផ្ទះសំណាក់ជនជាតិដើមភាគតិច" កញ្ញា ស្រី​ អូនបានប្រាប់អោយដឹងថា"ផ្ទះសំណាក់ជនជាតិដើមនេះពិតជាលើសពីស្នាក់ធម្មតាមែន។ ខ្ញុំមានអារម្មណ៍ថាប្លែកទាំងការរស់នៅក្នុងផ្ទះបែបជនជាតិ បរិស្ថានជុំវិញ មានសួនផ្កាក្រអូបៗ ដំណាំហូបផ្លែ ដូចជា ក្រូចវល្លិ ទុរេន និងប៊័រ"។ ទេសចរវ័យជាងម្ភៃឆ្នាំរូបនេះបានរៀបរាប់ទៀតថា "នៅពេលរាត្រី ខ្ញុំអាចមានឪកាសបានចូលរួមរាំរបាំជនជាតិកម្សាន្តផងដែរ។ និយាយរួមទីនេះ យើងមិនបាច់ដើរទៅណា ក៏អាចទទួលបានការកម្សាន្តដែរ"។ លោក យុន ម៉ណែលជាអ្នកគ្រប់គ្រងទូទៅនៅផ្ទះសំណាក់ជនជាតិដើមភគតិច មណ្ឌលគិរី ដែលបើកសម្ពោធ ៣ ឆ្នាំបានអោយដឹងថា កន្លែងលោកមានរចនាបទធម្មជាតិ ស្ងប់ស្ងាត់ ម្ហូបម្ហារសជាតិជនជាតិដើមភាគតិច គួបនឹងរបាំកម្សាន្ត។ ក្រៅពីមានសេចាកម្មជួនភ្ញៀវពីបេនឡានមកផ្ទះសំណាក់ និងត្រឡប់វិញដោយឥតគិតថ្លៃ ផ្ទះសំណាក់ក៏មានភោជនីយដ្ឋានបម្រើម្ហូបម្ហាចម្រុះ ដូចជាអាហារជនជាតិដើម ម្ហូបខ្មែរ និងអឺរ៉ុប ដោយមុខម្ហូបពូនង ជាអាហារមូលដ្ឋានប្រចាំហាង។ អាហារពេលព្រឹក មានតម្លៃចាប់ពី ១,៥ ទៅ ៣,៥ដុល្លារ។ អាហារថ្ងៃត្រង់ និងស្លាចមានតម្លៃចាប់ពី ៨០០០ រៀលទៅ ៦០០០០ រៀល។ លោក យុន ម៉ាណែន បានអះអាងថា"ជាទូទៅ ភ្ញៀវមកទីនេះ ទាំងខ្មែរ និងបរទេសតែងតែចង់ភ្លក្សរសជាតិម្ហូបមូលដ្ឋានជនជាតិដើមភាគតិចហើយកាលណាគាត់ញុំាលើកទីមួយហើយគាត់នឹងកុម្ន៉ង់ញុំាជាលើកទីពីរទៀត។ វាជាចំណូលចិត្តរបស់ភ្ញៀវបរទេសពីព្រោះពួកគាត់អត់ញុំាសាច់"។ ម្ហូបជនជាតិដើមដែលភ្ញៀវកុម្ម៉ង់ច្រើនដូចជា សម្លបុកត្រប់សម្លរ៉ែ សម្បូរបន្លែ និងម្ហូបសាច់រួមមាន ឡាប និងសម្លបុកសាច់វ៊ិគ្រឿងក្នុងគោ សម្លអង្ករលីង។ ផ្ទះសំណាក់ជនជាតិដើមភាគតិចស្ថិតនៅក្នុងភូមិចម្ការតែក្រុងសែនមនោរម្យ។ នៅពេលធ្វើដំណើរដល់រូបចម្លាក់រង្វង់មូលគោព្រៃដែលជាបេះដូងនៃខេត្តមណ្ឌលគិរី ភ្ញៀវត្រូវបត់ស្តាំតាមស្ថានីយសាំងតេឡា ហើយបត់ឆ្វេងដល់ផ្លូវអក្សរ "T" ចម្ហាយប្រមាណ១០០ម៉ែត្រ។

ដកស្រង់៖ PA News