ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧
Article ads (bottom)

កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​នាំ​មុខ​គេ ជា​ប្រទេស​ដែល​បញ្ជូន​ជន​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់

  • ថ្ងៃចន្ទ័ ទី៩ ខែតុលា ឆ្នាំ២០១៧

ធនាគារ​ពិភព​លោក នៅ​ថ្ងៃ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង «ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ឱកាស ជំនះ​របាំង​ដើម្បី​បម្លាស់​ទី​ពលកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» បាន​រក​ឃើញ​ថា ​កម្ពុជា គឺ​ជា​ប្រទេស​ដែល​ឈរ​ចំណាត់​ថ្នាក់​ឈាន​មុខ​គេ និង​ល្បី​ឈ្មោះ​ខាង​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ចំណាក​ស្រុក​ទាំង​នោះ​ភាគ​ច្រើន ស្ថិត​ក្រោម​រូប​ភាព មាន​ជន​ចំណាក​ស្រុក​ដែល​មាន​ជំនាញ​ទាប និង​ច្រើន​តែ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ ស្វែង​រក​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ​នៅ​ក្នុង​វិស័យ​សំណង់ ដាំ​ដុះ និង​ការ​បម្រើ​តាម​ផ្ទះ។

របាយការណ៍​កម្រាស់​ជិត ៣០ ទំព័រ​ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភព​លោក បាន​កត់​សម្គាល់​ថា ការ​បម្លាស់​ទី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជា​បញ្ហា​មួយ​ដែល​កាន់​តែ​សំខាន់​ឡើង។ នៅ​ក្នុង​នោះ ប្រទេស​នៅ​អាស៊ាន ដែល​រួម​មាន​កម្ពុជា​ផង ផ្គត់​ផ្គង់​បាន ៨​ភាគ​រយ​នៃ​ពលករ​ចំណាក​ស្រុក​ទាំង​អស់​របស់​ពិភព​លោក។

ខណៈ​ដែល​កម្ពុជា​នាំ​មុខ​បញ្ជូន​ពលករ​ចំណាក​ស្រុក តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ម៉ាឡេស៊ី និង​ភូមា។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​បី គឺ ម៉ាឡេស៊ី សឹង្ហបុរី និង​ថៃ បាន​ក្លាយ​ទៅ​ជា​ទី​កន្លែង​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​ចំនួន ៦ លាន ៥ សែន​នាក់ ស្មើ​នឹង ៩៦​ភាគ​រយ​នៃ​ចំនួន​សរុប។ ។

សម្រាប់​ធនាគារ​ពិភព​លោក ទេសន្តរប្រវេសន៍ ឬ​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង ដោយ​សារ​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​បាន​ប្រកាស​ចាប់​អនុវត្ត​នៅ​ឆ្នាំ​២០២៥ ដើម្បី​បង្កើន​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សេរី សម្រាប់​និយោជិក​អាជីព និង​កម្មករ​ជំនាញ​នៅ​ក្នុង​តំបន់។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ អះ​អាង​ថា សូម្បី​តែ​សមាជិក​របស់​គ្រួសារ​ដែល​មិន​បាន​ធ្វើ​ដំណើរ​ចំណាក​ស្រុក ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រាក់​ដែល​ពួក​គេ​ផ្ញើ​មក​ផ្ទះ​ដែរ ដែល​បាន​ជួយ​បង្កើន​ថវិកា និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ប្រាក់​ផ្ញើ​ត្រឡប់​ទៅ​ផ្ទះ​សរុប មាន​ចំនួន​ស្មើ​នឹង​៣​ភាគ​រយ នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ទន្ទឹម​នឹង​ផល​ជា​វិជ្ជមាន​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ធនាគារ​ពិភព​លោក មិន​ភ្លេច​ទេ លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ធន​ធាន​មនុស្ស​តាម​រយៈ​លំហូរ​ចេញ​នូវ​ប្រាជ្ញា និង​ការ​ប្រព្រឹត្តិ​លើ​ពលករ​ចំណាក​ស្រុក​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​រស់​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​ដើម្បី​ធ្វើ​ចំណាក​ស្រុក។

ជា​ដំណោះ​ស្រាយ ធនាគារ​ពិភព​លោក បាន​ឲ្យ​ជា​យោបល់​ថា បណ្តា​ប្រទេស​បញ្ជូន​ពលករ​ចំណាក​ស្រុក រួម​មាន​កម្ពុជា​ផង​នោះ គួរ​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​តុល្យភាព​នៃ​ការ​ការពារ​សម្រាប់​ពលករ​ចំណាក​ស្រុក ជាមួយ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកចិ្ច។ និយាយ​ដោយ​ឡែក សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ទាប គួរ​បន្ត​ពិចារណា ថា​តើ​ការ​ចំនាក​ស្រុក​អាច​ស៊ី​គ្នា​នឹង​យុទ្ធសាស្រ្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ណា គួរ​សំរិត​សំរាំង​កម្មវិធី​បែប​ណា ដើម្បី​ធ្វើ​ឲ្យ​ការ​ចំណាយ​សម្រាប់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អស់​កម្រៃ​តិច និង​ផ្លូវ​ការ​ជាង ហើយ​គួរ​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​ពលករ​នៅ​ទី​នោះ ដើម្បី​សម្រប​សម្រួល​ការ​ផ្ទេរ​ចំណេះ​ដឹង​និង​ទុន​ដែល​មាន។

ធនាគារ​ពិភព​លោក បាន​លើក​សរសេរ​ប្រទេស​ហ្វីលីពីន ដោយ​ថា ប្រទេស​ទាំង​បញ្ជូន​ពលករ​ទាំង​អស់ អាច​ពិនិត្យ​មើល​បទ​ពិសោធន៍​ប្រទេស​ហ្វីលីពីន ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង របស់​គេ​បង្កើត​ស្ថាប័ន​ដែល​បម្រើ​ពលករ​ទេសន្តរប្រវេសន៍​និង​ផ្តល់​សេវា​នានា ដូច​ជា​កម្មវិធី​ទម្រង់​ទិស​ដល់​ពួក​គាត់​មុន​ចេញ​ដំណើរ​ជា​ដើម៕

PA News